10/18/23

ឯកឧត្ដម លី ធុជ បានប្ដេជ្ញារួមគ្នាលុបបំបាត់ការប្រើប្រាស់គ្រាប់មីន និងគ្មានជនណាម្នាក់ត្រូវបានទុកចោលឡើយ

ភ្នំពេញ: ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣

ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្តេជ្ញាបន្ដ និងជំរុញ ប្រកបដោយការយកចិត្តទុកខ្ពស់លើការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរង គ្រោះដោយសារមីន ក្នុងគោលដៅរួមគ្នា លុបបំបាត់ការប្រើប្រាស់គ្រាប់មីន និងគ្មានជន ណាម្នាក់ត្រូវបានទុកចោលឡើយ។

ឯកឧត្ដមបានប្ដេជ្ញាចិត្ដបែបនេះ ខណៈដែលប្រធាន និងប្រធានជ្រើសតាំង នៃអនុសញ្ញា ហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ជួបពិភាក្សាគ្នា ចែករំលែកបទពិសោធន៍ ដើម្បីជំរុញការអនុវត្ត អនុសញ្ញាអូតាវ៉ា ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន នៅរសៀលថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា។

សូមបញ្ជាក់ថា ឯកឧត្តម Thomas Gobel ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៣, ឯកឧត្តមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានជ្រើសតាំង នៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុ សញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៤ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជា និងជាប្រធានជ្រើសតាំង នៃកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៥ បានជួបប្រជុំពិភាក្សា ត្រីភាគី ដើម្បីចែករំលែកបទពិសោធន៍ និងពង្រឹងការអនុវត្តអនុសញ្ញាអូតាវ៉ា ក្នុងគោលដៅជំរុញឱ្យមានការ បេ្ដជ្ញាចិត្តរួមគ្នា ឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ ក្នុងជំនួបនេះ ក៏មានការអញ្ជើញចូលរួម ពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និង ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន។

ជំនួបពិភាក្សានេះ បានផ្តោតលើការងារអាទិភាព សម្រាប់ការអនុវត្តផែនការសកម្មភាព បញ្ហាប្រឈម ដំណោះ ស្រាយ និងទិសដៅបន្ត សម្រាប់ជំរុញសកលភាវូបនីយកម្ម សកម្មភាពមីន ក៏ដូចជាជំរុញឱ្យមានការចូលរួមបន្ថែមជារដ្ឋភាគីចំពោះ ប្រទេសមួយចំនួន ដែលមិនទាន់ក្លាយជារដ្ឋភាគីនៃ អនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តំណាងសម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ថ្លែងថា ក្នុងនាមកម្ពុជា ដែលនឹងក្លាយជាប្រធាន និងជាម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ឯកឧត្តមបានប្តេជ្ញាបន្ដ និងជំរុញប្រកបដោយការយកចិត្តទុកខ្ពស់ក្នុងការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះ ជនរង គ្រោះដោយសារមីន ក្នុងគោលដៅរួមគ្នាលុបបំបាត់ការប្រើប្រាស់គ្រាប់មីន និងគ្មានជនណា ម្នាក់ត្រូវបានទុកចោលឡើយ៕ 

No comments:

Post a Comment